អង្គការណាសា បានប្រកាសរកអ្នកស្ម័គ្រចិត្តទៅចូលរួមក្នុងបេសកកម្មសម្របខ្លួនរស់នៅក្នុងភពព្រះអង្គារជាលើកទីពីរឈ្មោះ Crew Health and Performance Exploration Analog (CHAPEA 2) រយៈពេលមួយឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Space.com កាលពីថ្ងៃសៅរ៍ទី១៧ខែកុម្ភៈ។
បេសកកម្មនេះនឹងចាប់ផ្តើមនៅនិទាឃរដូវឆ្នាំ២០២៥ខាងមុខ សមាជិកចំនួន៤នាក់ ដែលរើសបាននឹងត្រូវបញ្ជូនទៅស្នាក់នៅភពអង្គារសិប្បនិម្មិតឈ្មោះ Mars Dune Alpha ទំហំ ១៥៨ម៉ែត្រការ៉េ ដែលគេបង្កើតឡើងក្នុងទីក្រុងហ៊ូស្តុន សហរដ្ឋអាមេរិក។
Mars Dune Alpha ក្នុងមជ្ឈមណ្ឌលអវកាស Johnson របស់ណាសា គឺត្រូវបានរចនាឡើងដើម្បីធ្វើឲ្យដូចភពក្រហមពិតៗ ហើយឲ្យអ្នកស្ម័គ្រចិត្ត រៀនអំពីរបៀបរស់នៅជាមួយបរិស្ថានអាក្រក់ និងធនធានមានកម្រិត។
ហើយនេះមិនមែនជាលើកដំបូងឡើយ ដែលទីភ្នាក់ងារអវកាសមួយនេះ ជ្រើសរើសអ្នកស្ម័គ្រចិត្តទៅរស់នៅ Mars Dune Alpha ពោលគឺបច្ចុប្បន្ន មានមនុស្សមួយក្រុមរួចទៅហើយបានចូលរស់នៅទីនោះ ថែមទាំងមានការដាំដំណាំបរិភោគទៀតផង ប៉ុន្តែពួកគេនៅសល់ពេលត្រឹម៣ខែទៀតប៉ុណ្ណោះ នឹងត្រូវចាកចេញ ដូចនេះ ទើបណាសា ត្រូវជ្រើសរើសអ្នកស្ម័គ្រចិត្តថ្មី។
ចំពោះលក្ខខណ្ឌ បេក្ខជនត្រូវតែជាជនជាតិអាមេរិក មានអាយុពី៣០ដល់៥៥ឆ្នាំ ហើយអាចនិយាយភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ និងមានសញ្ញាបត្រអនុបណ្ឌិតក្នុងវិស័យ STEM បូករួមទាំងបទពិសោធន៍វិជ្ជាជីវៈយ៉ាងតិចពីរឆ្នាំ និងមានបទពិសោធន៍បើកយន្តហោះយ៉ាងហោចណាស់មួយពាន់ម៉ោងទៀតផង៕