តម្លៃ iPhone កំពុងត្រូវបានកាត់បន្ថយនៅក្នុងប្រទេសចិន នៅមុនថ្ងៃបុណ្យចូលឆ្នាំចិន ដោយអ្នកលក់រាយតាមអ៊ីនធឺណិតធំៗ និងក្រុមហ៊ុន Apple ផ្តល់ការបញ្ចុះតម្លៃប្រកួតប្រជែង ខណៈដែលឧបករណ៍នេះប្រឈមមុខនឹងការលក់ ចំពេលមានការប្រកួតប្រជែងពីក្រុមហ៊ុន Huawei និងម៉ាកក្នុងស្រុកផ្សេងទៀត។
Tmall របស់ Alibaba កំពុងផ្តល់ការបញ្ចុះតម្លៃរហូតដល់ 1,000 យន់ (ប្រហែល 140 ដុល្លារ) លើ iPhone ម៉ូឌែលមួយចំនួន ជាមួយនឹងការផ្សព្វផ្សាយនេះចាប់ផ្តើមពីថ្ងៃពុធ និងដំណើរការរហូតដល់ថ្ងៃទី 31 ខែមករា។ JD.com ដែលជាអ្នកលក់រាយតាមអ៊ីនធឺណិតធំមួយទៀត ក៏កំពុងផ្តល់ការបញ្ចុះតម្លៃក្នុងអំឡុងពេលដូចគ្នានេះផងដែរ។ iPhone 15 ថ្មីបំផុតដែលមានតម្លៃចាប់ពី 4,949 យន់ បញ្ចុះតម្លៃ 1,050 យន់។
ក្រុមហ៊ុន Apple បានប្រកាសកាលពីថ្ងៃច័ន្ទថា ខ្លួននឹងធ្វើការបញ្ចុះតម្លៃទូរស័ព្ទ iPhone រហូតដល់ 500 យន់ ចាប់ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃអាទិត្យ នៅតាមហាងលក់ទំនិញ និងនៅលើគេហទំព័ររបស់ខ្លួនក្នុងប្រទេសចិន។ ការបញ្ចុះតម្លៃរបស់ Tmall និង JD.com គឺខ្លាំងជាង ហើយដំណើរការយូរជាង Apple។
ការនាំចេញ iPhone នៅក្នុងប្រទេសចិនបានធ្លាក់ចុះ 4% ពីមួយឆ្នាំទៅមួយឆ្នាំ សម្រាប់រយៈពេលខែកក្កដា ដល់ខែកញ្ញា ឆ្នាំ 2003 ដោយក្រុមហ៊ុននេះជាប់ចំណាត់ថ្នាក់លេខ 3 ក្នុងចំណែកទីផ្សារ នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវរបស់សហរដ្ឋអាមេរិក IDC។
ការប្រកួតប្រជែងជាមួយម៉ាកយីហោចិនដូចជា Huawei គឺមានភាពស្វិតស្វាញ ហើយបើតាមប្រព័ន្ធផ្សព្វផ្សាយចិន ការលក់ iPhone ក្នុងប្រទេសចិនក្នុងសប្តាហ៍ដំបូងនៃឆ្នាំ 2024 បានធ្លាក់ចុះប្រហែល 30% នៅក្នុងឆ្នាំនេះ៕