នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានប្រកាសថា ថៃ និងចិននឹងលើកលែងទិដ្ឋាការជាអចិន្ត្រៃយ៍សម្រាប់ពលរដ្ឋរបស់ប្រទេសទាំង ២ ធ្វើដំណើរទៅវិញទៅមក ចាប់ពីថ្ងៃទី ១ ខែមីនា ២០២៤ តទៅ។
ស្របពេលដែលការផ្ដល់សាច់ប្រាក់តាមកាបូបឌីជីថលត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឬខែមីនា រាជរដ្ឋាភិបាលក៏កំពុងស្វែងរកមធ្យោបាយផ្សេងទៀតដើម្បីជំរុញសេដ្ឋកិច្ច ដូចជាការលើកកម្ពស់វិស័យទេសចរណ៍ ការដោះស្រាយបញ្ហាជាមួយនឹងការនេសាទខុសច្បាប់ និងការផ្ដល់ជូនការលើកលែងទិដ្ឋាការជាដើម។
នៅឯរដ្ឋធានីប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វេនប៊ីន (Wang Wenbin) បាននិយាយថា ប្រទេសចិនបានស្វាគមន៍ចំពោះចំណាត់ការរបស់ថៃ ដោយនិយាយថា វាស្ថិតនៅក្នុងផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រទេសទាំងពីរ។
យោងតាមកាសែត Bangkok Post រដ្ឋមន្ត្រីការបរទេសថៃ លោក ផានព្រី បាហ៊ីតដា - នូការ៉ា (Parnpree Bahiddha-Nukara) បាននិយាយថា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសចិននៅដើមខែកុម្ភៈ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់ការចូលប្រទេសដោយគ្មានទិដ្ឋាការ។
គួរបញ្ជាក់ថា ទិន្នន័យរបស់រាជរដ្ឋាភិបាលថៃ បានបង្ហាញថា ក្នុងឆ្នាំ២០២៣ ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន២៨លាននាក់ ដែលលើសពីគោលដៅរបស់ខ្លួនបន្តិច និងបង្កើតប្រាក់ចំណូលបាន ៣៤,៩៣ពាន់លានដុលារឬស្មើនឹងប្រមាណ ១,២ពាន់ពាន់លានបាត។
ក្នុងនោះទីផ្សារកំពូលគឺ ប្រទេសម៉ាឡេស៊ីដែលមានភ្ញៀវទេសចរចំនួន ៤,៥លាននាក់ និងភ្ញៀវបរទេសមកពីប្រទេសចិនចំនួន៣,៥លាននាក់ បើធៀបនឹងកំណត់ត្រាមុនកូវីដ១៩ ដែលមានភ្ញៀវទេសចរសរុបរហូតដល់ ៣៩លាននាក់ និង១១លាននាក់មកពីប្រទេសចិន៕