ព្រឹត្តិការណ៍លក់ទំនិញធំបំផុតនៅចិន ដែលបានធ្វើកាលពីថ្ងៃទី១១ ខែវិច្ឆិកាកន្លងទៅ បានធ្វើឱ្យក្រុមហ៊ុន Apple ជួបប្រទះការលក់ទាបបំផុតប្រចាំព្រឹត្តិការណ៍ប្រចាំឆ្នាំ និងថែមទាំង ចាញ់ដាច់ក្រុមហ៊ុន Xiaomi និង Huawei ថែមទៀត។
សារព័ត៌មាន Reuters បានរាយការណ៍ថា ការលក់ទូរស័ព្ទឆ្លាតវៃរបស់ Apple មានការថយចុះប្រហែល ៤% ចន្លោះពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី១២ ខែវិច្ឆិកា បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ជាមួយគ្នា ក្រុមហ៊ុន Huawei មានកំណើនការលក់រហូតដល់ ៦៦% ស្របពេលអត្រាលក់របស់ក្រុមហ៊ុន Xiaomi កើនឡើងដល់ ២៨% ខណៈការផ្ទុះនៃការលក់របស់ក្រុមហ៊ុនចិនទាំង២នេះ បានជួយឱ្យការលក់ទូរស័ព្ទឆ្លាតវៃសរុបនៅចិន មានកំណើន ៥%។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Singles Day នោះ Apple បានដាក់លក់ទូរស័ព្ទម៉ូដែលចុងក្រោយ គឺ iPhone 15 ចាប់ពីតម្លៃ ៨៣២ដុល្លារ ខណៈម៉ូដែលចុងក្រោយរបស់ Huawei គឺ Mate 60 មានតម្លៃត្រឹម ៧៦៣ដុល្លារ ស្របពេល Mi 14 របស់ Xiaomi លក់ចេញតែ ៥៥៥ដុល្លារប៉ុណ្ណោះ។
ទោះយ៉ាងនេះក្ដីវេទិកាលក់អនឡាញខ្នាតយក្ស Alibaba និង JD.com មិនទាន់ បញ្ចេញរបាយការណ៍លក់សម្រាប់ព្រឹត្តិការណ៍នោះនៅឡើយទេ ប៉ុន្តែ JD.com បានបង្ហើបថា Apple កើបលុយបានច្រើនជាង ១,៣៩ពាន់លានដុល្លារ នៅលើវេទិការបស់ខ្លួនក្នុងរយៈពេលនោះ៕