ការលក់រថយន្តថ្មីនៅក្នុងសហភាពអឺរ៉ុបនៅក្នុងខែតុលា កន្លងមកនេះបានកើនឡើង ១៤,៦% ដែលត្រូវបានជំរុញមួយផ្នែកដោយសារការកើនឡើងយ៉ាងខ្លាំងនៃការលក់រថយន្តអគ្គិសនី។ សមាគមក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប (ACEA) បាននិយាយថា ការលក់រថយន្តអគ្គិសនី (Fully electric cars) បានកើនឡើង ៣៦,៣% បើធៀបនឹងឆ្នាំមុន ចំណែកឯការលក់រថយន្តកូនកាត់ (Fully hybrid) ឯណោះវិញ បានកើនឡើងជិត ៣៩% ផងដែរ។
ក្នុងនោះ ACEA ក៏បាននិយាយថា ការលក់រថយន្តអគ្គិសនីនៅក្នុងខែតុលាមានចំនួន ១៤,២% ដោយបានវ៉ាដាច់ការលក់រថយន្តម៉ាស៊ីនម៉ាស៊ូតជាលើកទីបី។ ហើយបើរាប់ចាប់ពីខែមករា មកដល់ខែតុលា ដែលមានរយៈពេល ១០ ខែនោះ ការលក់រថយន្តអគ្គិសនីបានកើនឡើង ៥៣,១% ឯណោះ។
មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន Volkswagen ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេនៅអឺរ៉ុប បានកើនឡើងការលក់ ៩,៩% នៅក្នុងខែតុលា ចំណែកការលក់ Stellantis បានកើនឡើង ១១,៣% និង Renault កើនឡើង ២៤,៣% ស្របពេលការលក់រថយន្ត Tesla បានកើនឡើងជិត ១៥០% ដែលស្មើនឹងជិត ១២% នៃការលក់រថយន្តអគ្គិសនីក្នុងសហភាពអឺរ៉ុប។ ម្យ៉ាងវិញទៀត ACEA បាននិយាយថា ចំនួនយានយន្តថ្មីដែលបានចុះបញ្ជីនៅក្នុងសហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប បានកើនឡើង ១៤,១% ឬស្មើរនឹង ១,០៤ លានគ្រឿងក្នុងខែតុលា៕ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters