នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានឱ្យដឹងថា មន្ត្រីជំនាញកំពុងធ្វើការងារជាច្រើនដើម្បីគ្រប់គ្រងដើមឈើដែលបង្កហានិភ័យតាមប្រាសាទ ដោយមិនឱ្យបង្កគ្រោះថ្នាក់ដល់មនុស្សនិងប្រាសាទ។
លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា នៅក្នុងខែវស្សាឆ្នាំនេះ ក៏ដូចជាឆ្នាំមុនៗ បញ្ហាអាកាសធាតុបង្កឱ្យដើមឈើតូចធំមួយចំនួនក្នុងតំបន់ប្រាសាទ ដួលរលំ និងបាក់មែក ដែលទាមទារឱ្យក្រុមការងារធ្វើការជាបន្ទាន់។ ក្រៅពីនេះ ដើមឈើហានិភ័យខ្លះ ដែលដុះគៀកប្រាសាទ ហើយអាចបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយ ក៏ត្រូវបានអនុវត្តឱ្យបានទាន់ពេលវេលាដែរ។
គួររំលឹកថា កន្លងទៅដើមឈើមួយចំនួនត្រូវបានមន្ត្រីជំនាញកាត់ចេញពីកន្លែងប្រឈម ខ្លះក៏ដួលរំលំតាមធម្មជាតិ ដើមឈើប្រណិតខ្លះក៏មានគេលួចកាប់ និងមានការដាំឈើថ្មីផងដែរ៕