ក្រុមហ៊ុន LG និង Hyundai បោះទុន ៤,៣ពាន់លានដុល្លារសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនីនៅអាម៉េរិក

ពិភពលោក
ថ្ថ្ងៃសៅរ៍ 27 ឧសភា 2023
ក្រុមហ៊ុន LG និង Hyundai បោះទុន ៤,៣ពាន់លានដុល្លារសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនីនៅអាម៉េរិក

ក្រុមហ៊ុន LG Energy Solution (LGES) និងក្រុមហ៊ុន Hyundai Motor Group របស់កូរ៉េខាងត្បូងបានបោះទុនប្រមាណ ៤,៣ពាន់លានដុល្លារចាប់ផ្តើមសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនីនៅក្នុងទឹកដីសហរដ្ឋអាម៉េរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ក្រុមហ៊ុន Hyudai និង LGES រំពឹងទុកថា ការសាងសង់រោងកចក្រថ្មីរបស់ខ្លួន នៅក្នុងរដ្ឋGeorgia នឹងចាប់ផ្តើមនៅឆមាសទីពីរនៃឆ្នាំ ២០២៣ជាមួយនឹងការចាប់ផ្តើមផលិតអាគុយលើកដំបូង នៅចុងឆ្នាំ ២០២៥។ រោងចក្រថ្មីនេះសមត្ថភាពផលិតប្រចាំឆ្នាំ ៣០ជីហ្គាវ៉ាត់ម៉ោង(GWh) ពោលគឺគ្រប់គ្រាន់សម្រាប់ផលិតអាគុយរហូតដល់ទៅ ៣០០ ០០០ ក្នុងមួយឆ្នាំៗ។

ក្រុមហ៊ុន LG និង Hyundai បោះទុន ៤,៣ពាន់លានដុល្លារសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនីនៅអាម៉េរិក

គួររម្លឹកថា LGES និង Hyundai Motor Group ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងទៀតដូចជា Hyundai Motor, Kia និងក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្ត Hyundai Mobis នឹងកាន់កាប់ភាគហ៊ុន ម្នាក់ ៥០% សម្រាប់ការបណ្តាក់ទុនរួមគ្នាទៅលើរោងចក្រថ្មីនេះ។

នាយកប្រតិបត្តិក្រុមហ៊ុន LGES លោក Youngsoo Kwon បាននិយាយថា ក្រុមហ៊ុនខ្លាំងពីរនៅក្នុងឧស្សាហកម្មរថយន្ត និងអាគុយ បានចាប់ដៃរួមគ្នាហើយ ដូច្នេះអាចបញ្ជាក់បានថា យើងនឹងត្រៀមខ្លួនរួចជាស្រេច ដើម្បីជំរុញដល់ការផ្លាស់ប្តូរវិស័យ EV នៅក្នុងទឹកដីសហរដ្ឋអាមេរិក៕