ក្រុមហ៊ុនផ្គត់ផ្គង់ iPhone ចំណាយប្រាក់ប្រមាណ ៣៧លានដុល្លារ ទិញដីតម្លើងរោងចក្រនៅឥណ្ឌា

ពិភពលោក
ថ្ថ្ងៃសុក្រ 12 ឧសភា 2023
ក្រុមហ៊ុនផ្គត់ផ្គង់ iPhone ចំណាយប្រាក់ប្រមាណ ៣៧លានដុល្លារ ទិញដីតម្លើងរោងចក្រនៅឥណ្ឌា

ក្រុមហ៊ុនអេឡិចត្រូនិកតៃវ៉ាន់ Foxconn បានទិញដីដ៏ធំមួយកន្លែង នៅក្បែរមជ្ឈមណ្ឌលបច្ចេកវិទ្យា Bengaluru របស់ប្រទេសឥណ្ឌា គ្រាដែលក្រុមហ៊ុនដែលអ្នកផ្គត់ផ្គង់ដ៏សំខាន់បំផុតរបស់ Apple មួយនេះកំពុងរៀបចំផែនការ ដើម្បីងាកចេញឆ្ងាយពីប្រទេសចិន។

ដីមួយកន្លែងដែលក្រុមហ៊ុន Foxconn បានធ្វើការទិញយកនេះមានទំហំ ១,២ លានម៉ែត្រការ៉េដែលស្ថិតនៅក្នុងមជ្ឈមណ្ឌលបច្ចេកវិទ្យាឥណ្ឌា Bengaluru រដ្ឋ Karnataka ដោយបានចំណាយទឹកប្រាក់ប្រមាណ ៣ពាន់លានរូពី (៣៧លានដុល្លារ)។

ក្រុមហ៊ុនផ្គត់ផ្គង់ iPhone ចំណាយប្រាក់ប្រមាណ ៣៧លានដុល្លារ ទិញដីតម្លើងរោងចក្រនៅឥណ្ឌា

សកម្មភាពផ្លាស់ទីរបស់ Foxconn និង Apple ត្រូវបានគេមើលឃើញថាសុទ្ធសឹងតែកំពុងព្យាយាមចេញឆ្ងាយពីប្រទេសចិនបន្ទាប់ពីទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីគោលនយោបាយទប់ស្កាត់ជំងឺកូវីដ-១៩ ដ៏តឹងរ៉ឹងបំផុតក្នុងរយ:ពេលប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងភាពតានតឹងកាន់តែខ្លាំងឡើងរវាងរដ្ឋាភិបាលទីក្រុងប៉េកាំង និងសហរដ្ឋអាមេរិកផងដែរ។

លើសពីនេះបើតាមការបញ្ជាក់ពីប្រមុខរដ្ឋ Karnataka លោក Basavaraj S. Bommai បាននិយាយថា ក្រុមហ៊ុន Apple នឹងពន្លឿនការវិនិយោគរបស់ខ្លួនឱ្យចាប់រហ័សតាមដែលអាចធ្វើទៅបាន ដើម្បីផលិតទូរស័ព្ទ iPhone នៅក្នុងរោងចក្រថ្មីក្នុងរដ្ឋនេះដោយនឹងអាចបង្កើតការងារថ្មីៗសម្រាប់ប្រជាជនឥណ្ឌាបានប្រហែល ១០០ ០០០ នាក់។ ក្នុងនោះក្រៅតែពីប្រទេសឥណ្ឌាក្រុមហ៊ុន Foxconn ក៏កំពុងទទួលបានសិទ្ធិប្រើប្រាស់ដី នៅក្នុងទំហំ ៤៨០ ០០០ ម៉ែត្រការ៉េនៅក្នុងខេត្ត Nghe An ប្រទេសវៀតណាម ផងដែរ៕

ក្រុមហ៊ុនផ្គត់ផ្គង់ iPhone ចំណាយប្រាក់ប្រមាណ ៣៧លានដុល្លារ ទិញដីតម្លើងរោងចក្រនៅឥណ្ឌា