ក្រុមហ៊ុន Shell បើកដំណើរការសាឡាងដើរដោយថាមពលអគ្គិសនីដំបូងបំផុតរបស់ខ្លួន

ពិភពលោក
ថ្ថ្ងៃសុក្រ 21 មេសា 2023
ក្រុមហ៊ុន Shell បើកដំណើរការសាឡាងដើរដោយថាមពលអគ្គិសនីដំបូងបំផុតរបស់ខ្លួន

ក្រុមហ៊ុនថាមពល Shell Plc បានបើកដំណើរការសាឡាងដើរដោយថាមពលអគ្គិសនីដំបូងបំផុតរបស់ខ្លួន នៅឯកំពង់ផែរោងចក្រចម្រាញ់ប្រេងរបស់ប្រទេសសិង្ហបុរី ដើម្បីកាត់បន្ថយការបំភាយឧស្ម័នពុលចេញពីនាវា។

បើតាមសារព័ត៌មាន Reuters ផ្សាយថា ការផ្លាស់ប្តូរនេះគឺជំហានបន្ទាប់មួយ ដើម្បីឆ្ពោះទៅរកការសម្រេចបាននូវច្បាប់របស់អាជ្ញាធរកំពង់ផែសិង្ហបុរី ដែលបានចែងថា យានថ្មីៗនៅតាមកំពង់ផែទាំងអស់ដែលចរាចរណ៍នៅក្នុងដែនទឹករបស់ខ្លួនត្រូវតែដំណើរការដោយអគ្គិសនី ឬដំណើរការដោយឥន្ធន:ជីវ: និងឥន្ធន:គ្មានជាតិពុលចាប់ពីឆ្នាំ ២០៣០ ទៅ ។

លើសពីនេះ អាជ្ញាធរដែនសមុទ្រ និងកំពង់ផែ (MPA) របស់សិង្ហបុរី បាននិយាយទៀតថាក្រុមហ៊ុន Shell Eastern Trading បានយល់ព្រមធ្វើការជាមួយអាជ្ញាធរកំពង់ផែ ដើម្បីបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធក្នុងការសាកបំពេញសម្រាប់យានដើរដោយអគ្គិសនី នៅតាមកំពង់ផែ និងធ្វើការស្រាវជ្រាវ ក៏ដូចជាអភិវឌ្ឍបន្ថែមលើថាមពលដើរដោយឥន្ធន:មានជាតិពុលកម្រិតទាប ឬស្មើសូន្យក្នុងរយ:ពេល ៥ឆ្នាំខាងមុខ។

សូមរម្លឹកថា ក្រុមហ៊ុនថាមពលខ្នាតយក្សរបស់អង់គ្លេសមួយនេះបានបើកដំណើរការសាឡាងអគ្គិសនីដែលមានសមត្ថភាពផ្ទុកអ្នកដំណើរ ២០០នាក់ ដំបូងគេនៅក្នុងបរិវេណរោងចក្រចម្រាញ់ប្រេងរបស់ខ្លួន លើកោះ Pulau Bukom កាលពីថ្ងៃចន្ទកន្លងទៅ៕