
វស្សានេះរបបទឹកភ្លៀងធ្លាក់បានតិចនៅតំបន់ការពារទេសភាពអន្លង់ព្រីង បានបង្កជាក្ដីបារម្ភដល់សហគមន៍ផលិតស្រូវមិត្តក្រៀលនៅក្នុងភូមិកោះ និងភូមិច្រេះ ស្រុកកំពង់ត្រាច ខេត្តកំពត។

លោក ប៊ូ វរសក្ស នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា បានឱ្យដឹងថា ស្ថានភាពទឹកនេះជាក្ដីបារម្ភ ព្រោះកសិករដាំស្រូវពឹងផ្អែកទាំងស្រុងទៅលើរបបទឹកភ្លៀងជាប្រភេទស្រូវពង្រោះតែរហូតមកដល់ថ្ងៃនេះស្រូវនោះមិនទាន់ខូចនៅឡើយទេ ខណៈដល់ពេលបាចជីទឹកពុំសូវមាននៅក្នុងស្រែនាំឱ្យពន្យាពេល «ប៉ុន្តែលទ្ធផលខូចខាតយ៉ាងណាមិនទាន់ដឹង មិនទាន់មាននៅឡើយទេ មិនទាន់ដល់ថ្នាក់គោកស្រូវ គ្រាន់ទឹកវាតិចយើងពិបាកបាចជីអលកានិច(ជីកំប៉ុស្ត) ដែលបានផ្ដល់ឱ្យកសិករ»។ លោកបន្តថា គម្រោងនេះជាឆ្នាំដំបូងដែលមានប្រជាកសិករ ៤១គ្រួសារបានចុះកិច្ចព្រមព្រៀងផលិតស្រូវមិត្តក្រៀលលើទំហំដីជាងសាមសិបប្រាំហិកតា។

សូមបញ្ជាក់ថា កសិករដែលចូលរួមដាំស្រូវមិត្តក្រៀលនេះ តាមការគ្រោងទុកនៅជំហ៊ានបន្តបន្ទាប់នឹងទទួលបានការបណ្តុះបណ្តាលបច្ចេកទេសកសិកម្មតាមផែនការដែលបានកំណត់ ដើម្បីឈានទៅកាត់បន្ថយការប្រើប្រាស់ថ្នាំគីមី និងផ្តល់សុវត្ថិភាពដល់សត្វក្រៀល និងជីវចម្រុះផ្សេងទៀត៕