
កាលពីថ្ងៃទី១ ខែសីហា ថ្ងៃដំបូងនៃយុទ្ធនាការចាក់ថ្នាំបង្ការជម្ងឺកូវិដ១៩ សម្រាប់កុមារ និងយុវជន សម្តេច ហ៊ុន សែន បានប្រកាសនូវភាពបរាជ័យនៃដំណើរការបូមប្រេងជាលើកដំបូងនៅកម្ពុជា ដោយក្រុមហ៊ុន KrisEnergy។ (២៩ ធ្នូ ឆ្នាំ២០២០ ដែលយើងប្រកាសដំណក់ប្រេងលើកដំបូង ប្រហែលបរាជ័យហើយ។ យើងគ្រោងថា ក្នុងមួយថ្ងៃបូមប្រេងបាន៥,៧០០បារ៉ែល តែទីចុងបំផុតមួយថ្ងៃបានតែ១,០០០បារ៉ែល។ ឥឡូវក្រុមហ៊ុនហ្នឹងក្ស័យធន ហើយវាបូកថែមទាំងអាកប៉ាល់ដែលយើងបូមប្រេងដាក់ហ្នឹងវារត់ចេញទៅបាត់ទៅដោយយើងទប់មិនទាន់វាចូលដល់ដីថៃរួចហើយគេមានមេធាវីរបស់គេ។ ឥឡូវវាយកទាំងប្រេងទៅបាត់អស់រលីង បាត់អស់អាប្រេងហ្នឹង)។
លោក ជៀប សួរ អគ្គនាយកប្រេងកាតនៃក្រសួងរ៉ែ និងថាមពល បានអ្នកសារព័ត៌មានដឹងថា មុនពេលក្រុមហ៊ុន KrisEnergy ប្រកាសក្ស័យធន ក្រុមហ៊ុននេះបូមប្រេងពីប្លុកAបានចំនួន២៩ម៉ឺនបារ៉ែល ដោយយករក្សាទុកនៅក្នុងកប៉ាល់ ដែលសព្វថ្ងៃកំពុងស្ថិតនៅប្រទេសថៃ។ កប៉ាល់ដែលលួចដឹកប្រេងកម្ពុជារត់ទៅបាត់ហ្នឹង គឺក្រុមហ៊ុន KrisEnergy បានជួលពីគេមក សម្រាប់ដំណើរការនៃអាជីវកម្មបូមប្រេងនៅកម្ពុជា។ ក្រោយកម្ពុជាដាក់សំណើរទាមទារប្រេងនោះមកវិញ ម្ចាស់កប៉ាល់នោះ បានប្រាប់ថា ក្រុមហ៊ុន KrisEnergy បានជំពាក់លុយថ្លៃជួលកប៉ាល់។ ខណៈដែលក្រុមហ៊ុនមួយនេះកំពុងដំណើរការក្ដីក្ដាំផ្លូវច្បាប់ជាមួយក្រសួងរ៉ែ និងថាមពល។
សូមបញ្ជាក់ថា ចាប់តាំងពីក្រុមហ៊ុន គ្រីសអេណើជី ប្រកាសក្ស័យធនកាលពីដើមខែមិថុនា ឆ្នាំ២០២១មក គេមិនទាន់ឃើញមានក្រុមហ៊ុនណាមួយផ្សេងទៀត ចាប់អារម្មណ៏ដាក់ការវិនិយោគនៅឡើយ ខណៈក្រសួងរ៉ែ និងថាមពលប្រកាសថា កម្ពុជាមានប្រេង២០ប្លុក ដែលត្រូវរុករកក្នុងដែនសមុទ្រ៕