កាលពីពេលកន្លងទៅថ្មីនេះអន្តរក្រសួងបានជំរុញឱ្យអ្នកផលិតអនុវត្តគោលនយោបាយអនុគ្រោះថ្លៃអគ្គិសនីនៅក្នុងវិស័យកសិកម្ម ដែលរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តចាប់តាំងពីឆ្នាំ២០២១មក។
លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងដែរថា កសិករម្ចាស់កសិដ្ឋាន និងអ្នកផលិតនៅក្នុងវិស័យកសិកម្មភាគច្រើនលើសលប់ ពុំទាន់បានដឹងអំពីគោលនយោបាយនេះទេ ដែលជាហេតុធ្វើឱ្យពួកគាត់មិនអាចចំណេញច្រើន។ យ៉ាងណាឯកឧត្តម រំពឹងថា អ្នកប្រកបរបរនៅក្នុងវិស័យកសិកម្មដែលចូលរួមនៅក្នុងកិច្ចសន្ទនានេះ នឹងបានយល់ដឹងកាន់តែច្បាស់អំពីគោលនយោបាយអនុគ្រោះថ្លៃអគ្គសិនីសម្រាប់វិស័យកសិកម្ម ហើយឈានដល់ការអនុវត្តឲ្យបានពេញលេញផងដែរ។
លោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា រដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ និងចាត់ទុកវិស័យកសិកម្មជាវិស័យស្នូល ហេតុនេះទើបចាប់តាំងពីឆ្នាំ២០២១មករាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអនុគ្រោះថ្លៃអគ្គិសនីសម្រាប់វិស័យកសិកម្មដែលមានតម្លៃទាបជាងការប្រើប្រាស់អគ្គិសនីប្រភេទផ្សេងៗ។
ចំពោះការប្រើប្រាស់នៅក្នុងវិស័យកសិកម្ម ទាំងនៅពេលថ្ងៃ និងនៅពេលយប់ ជាពិសេសគឺនៅពេលយប់ ចាប់ពីម៉ោង៩យប់ដល់ម៉ោង៧ព្រឹក ថ្លៃអគ្គិសនីត្រូវបានអនុគ្រោះឲ្យបង់ត្រឹមតែ ៤៨០រៀលក្នុង១គីឡូវ៉ាត់ម៉ោងប៉ុណ្ណោះ។
តម្លៃអគ្គិសនីអនុគ្រោះ ៤៨០រៀលក្នុង១គីឡូវ៉ាត់ម៉ោងសម្រាប់វិស័យកសិកម្ម ចាប់ពីម៉ោង៩យប់ដល់៧ព្រឹកជាតម្លៃដែលរាជរដ្ឋាភិបាលឧបត្ថម្ភធន មានន័យថា រាជរដ្ឋាភិបាលលក់ភ្លើងក្នុងតម្លៃខាតដែលថ្លៃដើមអគ្គិសនីក្នុងពេលបច្ចុប្បន្នមានតម្លៃប្រមាណ១ពាន់រៀលក្នុង១គីឡូវ៉ាត់ម៉ោង។
លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានជំរុញលើកទឹកចិត្តឱ្យបងប្អូនកសិករ អ្នកផលិត អ្នកចិញ្ចឹមសត្វ អនុវត្តគោលនយោបាយអនុគ្រោះអគ្គិសនីសម្រាប់វិស័យកសិកម្ម ឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយការចំណាយថ្លៃដើម និងបង្កើនផលចំណេញ។ ហើយលោកបានប្រកាសការរង់ចាំសហការជាមួយបងប្អូនក្នុងវិស័យកសិកម្មពាក់ព័ន្ធនឹងការភ្ជាប់បណ្តាញអគ្គិសិនីដែលមានការអនុគ្រោះថ្លៃនេះផងដែរ៕ រំចង់