ភ្នំពេញ៖ សល់ ២ថ្ងៃទៀតក្រសួងសាធារណៈការ និងដឹកជញ្ជូន នឹងអនុញ្ញាតដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយឥតគិតថ្លៃរយៈពេល ១ខែពោលគឺនៅចំថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២។
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនេះ មានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ។ ផ្លូវនេះបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៩ ដែលមានទំហំទទឹង ២៤ម៉ែត្រ ចែកចេញជា៤គន្លង ដោយមានផ្លូវចំនួន ២គន្លងទៅ និង ២គន្លងមក។
បើតាមការគណនាពីក្រសួង សម្រាប់ប្រជាពលរដ្ឋដែលធ្វើដំណើរនិងដឹកជញ្ជួនទំនិញពីភ្នំពេញទីក្រុងព្រះសីហនុលើផ្លូវល្បឿនលឿននេះចំណាយពេល ២ម៉ោងប៉ុណ្ណោះ ដែលកន្លងមកត្រូវចំណាយពេលពី ៥ ទី៦ ម៉ោងតាមផ្លូវជាតិលេខ ៤។
សូមរម្លឹកថា ផ្លូវល្បឿនលឿនក្រាលដោយបេតុងកៅស៊ូ (AC) តភ្ជាប់ពីរាជធានីភ្នំពេញទៅដល់សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តកោះកុង។ ផ្លូវនេះ មានសួនច្បារខណ្ឌកណ្តាល មានផ្លូវបំបែកប្តូរទិស (Inter-Change) ភ្ជាប់មក ផ្លូវ ជាតិ លេខ ៤ ចំនួន ៦កន្លែង មាន កន្លែង ឈប់សម្រាក ៣កន្លែង និងចំណតរថយន្ត ១កន្លែងផងដែរ៕ 1Post