ជំងឺស្វាយ ជាកាមរោគមួយប្រភេទ ដែលពលរដ្ឋខ្មែរស្ទើរតែភ្លេចទៅហើយពេលនេះ ត្រូវបានមន្ត្រីសុខាភិបាលអះអាងថា កំពុងតែកើតឡើងវិញទៅលើស្រ្តីមានផ្ទៃពោះ និងមានឆ្លងដល់ទារកគួរឱ្យព្រួយបារម្ភ នារយៈពេលចុងក្រោយនេះ។
លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត យ៉ៃ ចន្ទនា នាយកមន្ទីរពេទ្យជ័យវរ្ម័នទី៧ឬមន្ទីរពេទ្យ គន្ធបុប្ផាទី៣ នៅខេត្តសៀមរាប បានថ្លែងប្រាប់អ្នកសាព័ត៌មាន កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះថាក្នុងអំឡុង ប្រមាណជាង១ខែ ពីខែឧសភា ដល់ខែមិថុនា ឆ្នាំ២០២២នេះ មន្ទីរពេទ្យជ័យវរ្ម័នទី៧ខេត្តសៀមរាប បានពិនិត្យឃើញអ្នកមានជំងឺកាមរោគ ប្រភេទជំងឺស្វាយមានចំនួន ៣៣ករណី នៅលើស្ត្រីមានផ្ទៃពោះដែលមកសម្រាលកូន និងទារកទើបនឹងកើតចំនួនមាន១១ករណី។ លោកថានេះជាលើកដំបូងសម្រាប់មន្ទីរពេទ្យនេះ ខណៈពីមុនមកមានម្នាក់ ឬពីរនាក់ប៉ុណ្ណោះ ដែលពិនិត្យឃើញមានជំងឺស្វាយនេះ។
ការរកឃើញនូវជំងឺកាមរោគប្រភេទស្វាយនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានបង្ហាញនូវក្តីបារម្ភ និងជំរុញឱ្យគ្រូពេទ្យត្រូវយកចិត្តទុកដាក់ ព្យាបាលអ្នកជំងឺប្រភេទនេះ ដើម្បីកុំឱ្យមានការចម្លងទៅអ្នកដទៃ។
ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍ថា នេះជាការកើតរើឡើងវិញ នូវជំងឺស្វាយជាប្រភេទជំងឺកាមរោគ ដែលយើងទាំងអស់គ្នាមិនត្រូវធ្វេសប្រហែសជាដាច់ខាត។ បញ្ហានេះក្រសួងសុខាភិបាលកំពុងយកចិត្តទុកដាក់ និងពិភាក្សាជាមួយមជ្ឈមមណ្ឌលជាតិប្រ យុទ្ធនឹងជំងឺអេដស៍ ជំងឺសើរស្បែកនិងកាមរោគ ដើម្បីបន្តការអប់រំដល់ប្រជាពលរដ្ឋដើម្បីការពារ ទប់ស្កាត់ការឆ្លងឡើងវិញនៃជំងឺនេះ។
សូមបញ្ជាក់ថា ជំងឺស្វាយ បង្កដោយបាក់តេរី Treponema Pallidum បើមិនបានព្យាបាលត្រឹមត្រូវ អាចបណ្តាលឱ្យមានផលវិបាកធ្ងន់ធ្ងរជាច្រើនទៅថ្ងៃក្រោយ ដូចជា រលាកសន្លាក់ប៉ះពាល់ខួរក្បាល ឬខ្វាក់ភ្នែក។ ករណីចម្បងនាំឱ្យឆ្លងជំងឺស្វាយ គឺដោយសារប៉ះពាល់ដំបៅអ្នកមានជំងឺនេះ។ ដំបៅទាំងនោះមាននៅផ្នែកខាងក្រៅលិង្គ ទ្វារមាស និងរន្ធគូទ។ ពេលខ្លះ ដំបៅអាចមានលើបបូរមាត់ និងក្នុងមាត់តែម្តង ហើយករណីឆ្លងភាគច្រើន គឺតាមរយៈការរួមភេទគ្រប់ទម្រង់។ ចំពោះស្រ្តីៗកំពុងពពោះ អាចចម្លងជំងឺនេះទៅកាន់កូនក្នុងផ្ទៃបាន ហេតុនេះទើបគ្រូពេទ្យត្រូវការពិនិត្យរកជំងឺនេះ មុនសម្រាលលើកដំបូង។ ការពិនិត្យអាចធ្វើឡើងនៅត្រីមាសទី៣ និងមុនពេលសម្រាល។ គភ៌អាចប្រឈមហានិភ័យស្លាប់កូនក្នុងពោះ និងស្លាប់អំឡុងឆ្នាំដំបូងក្រោយសម្រាល បើម៉ាក់ៗមានជំងឺនេះ។ ក្នុងករណីកូននៅរស់ អាចឆែបមុខ ឆែបមាត់ ឬលូតលាស់ធម្មតាក្តី នៅតែទាមទារការព្យាបាលជាចាំបាច់ ចៀសវាងផលលំបាកទៅថ្ងៃក្រោយ៕ ប្រភព AKP