បន្ទាយមានជ័យ ៖ ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ លោក ឡេ ច័ន្ទសង្វាត ដែលគេសង្ស័យថា មានពាក់ព័ន្ធនឹងអំពើពុករលួយករណីសំណូកប្រាក់ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងបុគ្គលិកជាប់កិច្ចសន្យាចង់ចូលក្របខណ្ឌ ឥឡូវបែកធ្លាយករណីមួយទៀត បានថតរូបជាមួយមន្ត្រីក្រោមឱវាទផឹកស្រា ប៉ាតម្សៅនៅក្នុងមន្ទីរសុខាភិបាល ដែលស្ថិតក្នុងបំរាមរបស់រដ្ឋាភិបាលទាក់ទងនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ខណះជម្ងឺកូវីដ-១៩ កំពុងផ្ទុះខ្លាំង។

តាមប្រភពសុំមិនបញ្ចេញឈ្មោះ និងសារព័ត៌មានមួយចំនួនបានចុះផ្សាយកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១កន្លងមកថា គ្រូពេទ្យចំនួន ១១២នាក់ ដែលបានបំពេញការងារប្រយុទ្ធឆាំងនិងជម្ងឺកូវីដ-១៩ បើចង់ចូលក្របខណ្ឌពេទ្យរដ្ឋបាន ត្រូវសូកប្រាក់អស់ចំនួន១៥.០០០ដុល្លារ ក្នុងម្នាក់ តែព័ត៌មាននេះត្រូវបានអ្នកនាំពាក្យក្រសួងសុខាភិបាលឆ្លើយបញ្ជាក់ថា ជារឿងមិនពិត និងស្នើឱ្យអ្នកសូកចេញមុខ ក៏ស្ងាត់មួយរយះមិនមានអ្នកចេញមុខមកតទល់នោះទេ។ ស្រាប់តែពេលថ្មីៗនេះក៏បែកធ្លាយដំណឹង និងរូបថតលោកប្រធានមន្ទីរនាំបុគ្គលិកផឹកស្រា និងប៉ាតម៉្សៅ ក្នុងបំរាមអនុក្រិតរបស់រដ្ឋាភិបាលទៀត ក៏កើតជាឆ្ងល់?
ទាក់ទងនឹងឆ្ងល់នេះដែរលោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ មិនទាន់សុំការបញ្ជាក់បាននៅឡើយ ដោយលោកមិនទាន់ឆ្លើយតបសារសំណួរដែលបានសាកសួរតាមតេឡេក្រាម និងមិនលើកទូរសព្ទរបស់អ្នកសារព័ត៌មាន៕

