
ការធ្វើដំណើររបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ទៅប្រទេសព្រុយណេ គឺពាក់ព័ន្ធកិច្ចប្រជុំអាស៊ាន បន្ទាប់បានធ្វើទស្សនកិច្ចនៅម៉ាឡេស៊ី ជួបលោកនាយករដ្ឋមន្រ្តី អាន់វ៉ា អ៊ីប្រាហ៊ីម នាពេលកន្លងមក។ នេះបើតាមសារព័ត៌មាន The Nation កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងដំណើរទស្សនកិច្ចទៅព្រុយណេ លោក ថាក់ស៊ីន ត្រូវតម្កល់ប្រាក់ចំនួនជិត ១៥ម៉ឺនដុល្លារ ដូចពេលលោកធ្វើដំណើរទៅម៉ាឡេស៊ីដែរ គ្រាដែលលោក ថាក់ស៊ីន កំពុងរងបទចោទអំពី “ការប្រមាថមហាក្សត្រ” ដែលជាហេតុតុលាការមិនអនុញ្ញាតឱ្យលោកចាកចេញពីប្រទេស។

សារព័ត៌មានមួយនេះផ្សាយតាមប្រភពមិនបញ្ចេញឈ្មោះឱ្យបានដឹងទៀតថា តុលាការព្រហ្មទណ្ឌថៃ កាលពីថ្ងៃទី១៥ កុម្ភៈ មិនអនុញ្ញាតឱ្យលោកថាក់ស៊ីន ធ្វើដំណើរទៅកម្ពុជា និងវៀតណាមឡើយ ដ្បិតធ្វើឡើងក្រោមសំណើឯកជន និងធុរកិច្ច។ លោកថាក់ស៊ីន ត្រូវបានអ្នកធុរកិច្ចម្នាក់អញ្ជើញទៅវៀតណាម ហើយទៅកម្ពុជាតាមសំណើរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា៕
