កម្លាំងយោធាទីក្រុងកៀវ បានបាញ់មីស៊ីលចំនួន៦គ្រាប់ វាយប្រហារវាលយន្តហោះយោធាក្នុងទីក្រុង Taganrog ដោយបង្កការខូចខាតយ៉ាងដំណំ ជាពិសេសត្រូវចំអគាររដ្ឋបាលចំនួន២និងខ្ទេចរថយន្តអស់ជាច្រើនគ្រឿង ថែមទាំងបណ្តាលឱ្យទាហានរុស្ស៊ីស្លាប់និងរងរបួសផងដែរ។
ភ្លាមៗនោះ ក្រសួងការពារជាតិរុស្ស៊ីបានគំរាមសងសឹកវិញ ដោយប្រកាសថា «យើងមិនបណ្តោយឱ្យការវាយប្រហារដោយប្រើអាវុធរយៈចម្ងាយឆ្ងាយរបស់លោកខាងលិច កន្លងផុតទៅដោយគ្មានការឆ្លើយតបនោះទេ»។
ជុំវិញរឿងនេះដែរ មន្ត្រីអាមេរិក បានព្រមានទៅអ៊ុយក្រែន ឲ្យត្រៀមខ្លួនព្រោះមិនយូរទេ រុស្ស៊ី នឹងសងសឹកវិញដោយបាញ់មីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik ហើយ។ មន្ត្រីសុំមិនញ្ចេញឈ្មោះម្នាក់បាននិយាយថា «យើងវាយតម្លៃថា Oreshnik មិនអាចផ្លាស់ប្តូរស្ថានការណ៍នៅលើសមរភូមិទេ ប៉ុន្តែវាជាការប៉ុនប៉ងរបស់រុស្ស៊ីដើម្បីដាក់សម្ពាធលើអ៊ុយក្រែន ហើយរឿងនេះនឹងត្រូវបរាជ័យ»។
រុស្ស៊ីបានបាញ់មីស៊ីល Oreshnik លើកដំបូងលើទីក្រុង Dnipro ប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២១ខែវិច្ឆិកា ឆ្លើយតបទៅការដែលទីក្រុងកៀវ វាយប្រហារដោយមីស៊ីល ATACM របស់អាមេរិក និងមីស៊ីល Storm Shadow ដែលផ្គត់ផ្គង់ដោយចក្រភពអង់គ្លេស ចូលដីរុស្ស៊ី។
ក្រោយមកប្រធានាធិបតីលោក ពូទីន គំរាមថា រុស្សី អាចបាញ់មីស៊ីល Oreshnik ម្តងទៀត ដោយកំណត់គោលដៅលើទីបញ្ជាការកងទ័ពក្នុងទីក្រុងកៀវតែម្តង ប្រសិនបើអ៊ុយក្រែននៅបន្តវាយប្រហាររុស្ស៊ីដោយប្រើអាវុធរបស់លោកខាងលិចទៀត។ មីស៊ីល Oreshnik គ្មានអ្វីស្ទាក់ចាប់បានទេ ហើយវាមានថាមពលបំផ្លិចបំផ្លាញសឹងតែស្មើអាវុធនុយក្លេអ៊ែ បើទោះបីជាបំពាក់ក្បាលគ្រាប់ធម្មតាក៏ដោយ៕