លោក Nawat Itsaragrisil ម្ចាស់កម្មវិធីបវរកញ្ញាពិភពលោកបានប្រកាសដកកម្ពុជាជាសហម្ចាស់ផ្ទះរៀបចំកម្មវិធី Miss Grand International 2024 បន្ទាប់ពីមានបញ្ហាមួយចំនួនកាលពីថ្ងៃ០៦ តុលា ឆ្នាំ២០២៤ គ្រាដែលកម្ពុជាទើបតែទទួលបានជាអ្នករៀបចំកម្មវិធី។
បើតាមស្ថាប័ន Miss Grand International “យើងសោកស្ដាយក្នុងការជូនដំណឹងថា ប្រទេសកម្ពុជានឹងលែងធ្វើជាប្រទេសម្ចាស់ផ្ទះរបស់យើងទៀតហើយ ដោយសារតែស្ថាប័នម្ចាស់ផ្ទះមិនអាចបំពេញតម្រូវការដូចមានចែងក្នុងកិច្ចសន្យានៃកិច្ចព្រមព្រៀងម្ចាស់ផ្ទះ។ ជាអកុសលពួកគេមិនអាចផ្តល់សេវាកម្មដែលស្របតាមស្តង់ដាររបស់ស្ថាប័ន Miss Grand International (MGI) បានទេ។ យើងសូមកោតសរសើរចំពោះការយោគយល់របស់អ្នក ហើយទន្ទឹងរង់ចាំការគាំទ្របន្តរបស់អ្នក“។
ចំណែកអ្នកស្រី អ៊ឹម សុគន្ធា អ្នករៀបចំកម្មវិធីនៅកម្ពុជាក៏បានចេញ live បកស្រាយបញ្ហាមួយចំនួន ព្រមទាំងប្រកាសថា Miss Grand Cambodia លែងបន្តអាជ្ញាប័ណ្ណជាមួយស្ថាប័ន Miss Grand International ដោយសារស្ថាប័ន Miss Grand នេះមិនគោរពកម្ពុជាក្នុងនាមជាប្រទេសម្ចាស់ផ្ទះ និងមិនសហការជាមួយភាគីកម្ពុជា។
សូមរម្លឹកថា បេក្ខភាព Miss Grand international បានមកដល់កម្ពុជា ៤ថ្ងៃ និងបានទស្សនកិច្ចនៅរមណីយដ្ឋានវត្តភ្នំ និងវាលពិឃាដជើងឯក។ ហើយបញ្ហាល្អកចិត្តនោះទំនងជានៅវេលាការរៀបចំញ៉ាំអាហារពេលល្ងាចលើទូក ដោយសារបញ្ហាបច្ចេកទេស និងអាកាសធាតុមិនអំណោយផលទើបកើតជារឿងរហូតដល់ផ្ដាច់កម្ពុជាជាម្ចាស់ផ្ទះ និងផ្ដាច់កុងត្រាជាមួយស្ថាប័ន Miss Grand internationa។ ទោះយ៉ាងនេះក្ដីហេតុផលលម្អិតយ៉ាងណានោះហាក់ស្ថិតក្នុងមន្ទិលនៅឡើយ៕