គណ:កម្មាធិការអឺរ៉ុប កាលពីថ្ងៃទី១២ មិថុនា ឆ្នាំ២០២៤ គ្រោងនឹងជូនដំណឹងថា ខ្លួននឹងគិតពន្ធបន្ថែមជាបណ្តោះអាសន្នរហូតដល់ ២៥% ទៅលើរថយន្តអគ្គិសនីដែលផលិត និងនាំចូលពីប្រទេសចិន ចាប់ពីខែក្រោយនេះតទៅ។
គណ:កម្មការអឺរ៉ុប បានបញ្ជាក់ថា ការដំឡើងពន្ធពី ១០% ទៅកាន់ ២៥% នេះជាវិធានការដ៏សំខាន់មួយ បន្ទាប់ក្រុមហ៊ុននៅអឺរ៉ុបជាច្រើនមានការរអ៊ូរទាំទាក់ទងនឹងការនាំចូលរថយន្តអគ្គិសនីពីចិន ដែលមានតម្លៃទាប និងច្រើនលើសលុបចូលក្នុងទីផ្សារអឺរ៉ុប ដែលជាហេតុធ្វើឱ្យក្រុមហ៊ុនក្នុងស្រុកជួបភាពលំបាកក្នុងប្រជែងជាមួយ។
សូមរម្លឹកថា រយ:ពេលតិចជាងមួយខែប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលនៃក្រុងវ៉ាស៊ីនតោន បានដំឡើងពន្ធដល់ទៅបួនដងលើរថយន្តអគ្គិសនីរបស់ចិន។ ឥឡូវនេះ EU ក៏ដាក់កំហិតដំឡើងពន្ធដូចគ្នាទៅលើការនាំចូលពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនដូចជា BYD និង Geely រួមទាំងក្រុមហ៊ុន Tesla ដែលនាំចេញរថយន្តពីប្រទេសចិនមកកាន់តំបន់អឺរ៉ុបផងដែរ៕ CNA