IMF បានព្យាករព្រមានកំណើនសេដ្ឋកិច្ចចិននឹងកាន់តែថមថយទៅៗនៅ ឆ្នាំ២០២៤ នេះ នឹងទទួលបានកំណើនត្រឹមតែ៥%ប៉ុណ្ណោះ មុននឹងបន្តរធ្លាក់ចុះជាបន្តបន្ទាប់រហូតដល់ត្រឹម៣,៣% នៅក្នុងរយៈពេល៥ឆ្នាំទៀត។
មូលហេតុនាំឱ្យធ្លាក់កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសចិន គឺដោយសារតែកំណើនប្រជាជនវ័យចំណាស់ និងការពង្រីកផលិតភាពសេដ្ឋកិច្ចមានភាពយឺតយ៉ាវ។ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានអះអាងថា សេដ្ឋកិច្ចរបស់ចិននឹងមានកំណើនក្នុងរង្វង់ ៥% ពោលគឺប្រសើរជាងការព្យាករលើកមុន ដែលគេបានព្យាករថា មានត្រឹមតែ ៤,៦% ប៉ុន្តែកំណើនសេដ្ឋកិច្ចនឹងបន្តធ្លាក់ចុះជាបន្តបន្ទាប់នៅក្នុងរង្វង់ ៥ឆ្នាំខាងមុខ។
ការព្យាករថ្មីនេះបានកើតឡើងស្របពេលដែលទីក្រុងប៉េកាំង កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញការស្ទុះងើបឡើងវិញសេដ្ឋកិច្ចខ្លួន ក្រោយពេលធ្លាក់ចុះដោយសារការប្រឈមមុខនឹងវិបត្តិអចលនទ្រព្យដែលបានអូសបន្លាយ និងឥទ្ធិពលនៃរលកការប្រកួតប្រជែងខាងភូមិសាស្រ្តនយោបាយ។
IMF បានបញ្ជាក់បន្ថែមថា នៅឆ្នាំ២០២៤នេះ កំណើនសេដ្ឋកិច្ចចិន មានស្ថានភាពវិជ្ជមាន ក៏ប៉ុន្តែនៅឆ្នាំ២០២៥ខាងមុខ វានឹងស្រុតចុះមកនៅត្រឹម ៤,៥% ហើយនឹងបន្តស្រុតចុះជាបន្តបន្ទាប់រហូតដល់ ៣,៣% នៅឆ្នាំ២០២៩ ខាងមុខ ដោយសារតែកំណើននៃចំនួនប្រជាជនវ័យចំណាស់ និងការពង្រីកផលិតភាពសេដ្ឋកិច្ចយឺត៕