គោលនយោបាយរបស់រដ្ឋាភិបាលថៃ ដឹកនាំដោយគណបក្សភឿថៃក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃ១៤%នោះត្រូវបានក្រុមអ្នកបញ្ចុះបញ្ចូលអាជីវកម្មលើកឡើងថា អាចជះផលអវិជ្ជមានដល់សេដ្ឋកិច្ចថៃ ដោយធ្វើឱ្យពលរដ្ឋថៃ ជាច្រើនអត់មានការងារធ្វើ ខណៈដែលការងាររបស់ពួកគេនឹងត្រូវជំនួសដោយកម្មករចំណាកស្រុកដែលមានប្រាក់ឈ្នួលទាប។
លោក ភីផាត រ៉ាតឆាគីតប្រាកន (Phipat Ratchakitprakarn) រដ្ឋមន្ត្រីក្រសួងការងារ កាលពីថ្ងៃទី១ ខែឧសភា បានប្រកាសថា រដ្ឋាភិបាលនឹងអនុវត្តការដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃដល់៤០០បាតប្រហែលជិត១១ដុល្លារ ចាប់ពីថ្ងៃទី១ ខែតុលា តទៅ។ ប៉ុន្តែនៅប៉ុន្មានថ្ងៃថ្មីៗនេះក្រុមហ៊ុនអាជីវកម្មសំខាន់ៗរួមទាំងគណៈកម្មាធិការអចិន្ត្រៃយ៍រួមស្តីពីពាណិជ្ជកម្មឧស្សាហកម្ម និងធនាគារ(JSCCIB)បានចេញសេចក្តីថ្លែងការណ៍ប្រឆាំងយ៉ាងខ្លាំងចំពោះគោលនយោបាយនេះ។
សេចក្តីថ្លែងការណ៍នេះ បាននិយាយថា ប្រាក់ឈ្នួលអប្បបរជិត១១ដុល្លារក្នុងមួយថ្ងៃនេះគឺជាអត្រាខ្ពស់ខ្លាំងណាស់ ដែលវានឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងការវិនិយោគ។ កម្រិតប្រាក់ឈ្មួលថ្មីនេះ គឺខ្ពស់ជាងប្រហែល១៤% នៃកម្រិតប្រាក់ឈ្នួលអប្បបរមាជាមធ្យមប្រចាំថ្ងៃក្នុងពេលបច្ចុប្បន្នដែលមានប្រមាណ៣៥០បាត។
គ្រោងការនេះគណបក្សភឿថៃ ក៏បានប្តេជ្ញាថា នឹងដំឡើងប្រាក់ឈ្នួលអប្បបរមាដល់៦០០បាត ប្រហែលជាង១៦ដុល្លារក្នុងមួយថ្ងៃនៅត្រឹមឆ្នាំ២០២៧ ផងដែរ។ វិធានការនេះទទួលបានការស្វាគមន៍យ៉ាងខ្លាំងពីកម្មករជាច្រើន។ ប៉ុន្តែមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn និងក្រុមអ្នកវិភាគផ្សេងទៀតបានព្រមានថា ការកំណត់បែបនេះ នឹងបង្កឱ្យមានអតិផរណា និងបង្កការលំបាកដល់អាជីវកម្មខ្នាតតូចក្នុងការទ្រទ្រង់អាជីវកម្មរបស់ពួកគេឱ្យដំណើរការទៅមុខទៀត។
ចំណែកគណៈកម្មាធិការ JSCCIB បានព្រួយបារម្ភថា ការដំឡើងប្រាក់ឈ្នួលបន្ថែមទៀតនឹងបន្ថែមបញ្ហាដល់វិបត្តិសេដ្ឋកិច្ចកាន់តែយូរ ខណៈដែលសេដ្ឋកិច្ចបានរងគ្រោះដោយជំងឺកូវីដ១៩ ចាប់តាំងពីឆ្នាំ២០២០ រួចស្រាប់ទៅហើយនោះ។ គណៈកម្មាធិការនេះ ក៏បារម្ភដែរថា វិធានការនេះនឹងធ្វើឱ្យធ្លាក់ចុះថែមទៀតនូវការប្រកួតប្រជែងសេដ្ឋកិច្ចរបស់ប្រទេសថៃជាពិសេសគឺការធ្លាក់ចុះវិស័យនាំចេញដែលបច្ចុប្បន្នមានចំនួនជាង៦០% នៃ GDP របស់ប្រទេសថៃ៕