
យោងតាមសន្និសីទវិទ្យាសាស្ត្របច្ចេកទេសធ្វើឡើងនៅមន្ទីរពេទ្យជំងឺមហារីកក្នុងទីក្រុងហូជីមិញ កាលពីថ្ងៃសុក្រទី១០ ខែឧសភា បានបង្ហាញថាមួយឆ្នាំៗប្រទេសវៀតណាមមានមនុស្សស្លាប់ដោយសារជំងឺមហារីកជាង ១២០ ០០០ នាក់។

សេចក្តីរាយការណ៍របស់ Tuoi Tre មានអ្នកជំងឺពី ៥០ទៅ៨០%ទៅហើយ ដែលទៅមន្ទីរពេទ្យត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកដំណាក់កាលទីបីឬទីបួន។បើស្ថិតិជំងឺមហារីកសកលឆ្នាំ២០២២ ចេញផ្សាយដោយអង្គការឃ្លាំមើលជំងឺមហារីកសកលគិតត្រឹមដើមខែមីនាឆ្នាំនេះ ជំងឺមហារីកថ្មីចំនួន ១៩.៩លានករណី ត្រូវបានរកឃើញនៅទូទាំងពិភពលោក។ លើសពីនេះពិភពលោកក៏មានមនុស្សស្លាប់ដោយសារជំងឺមហារីកចំនួន ៩.៧ លាននាក់ក្នុងឆ្នាំ២០២២ផងដែរ។ ស្ថិតិថែមទាំងបង្ហាញទៀតថា ប្រទេសវៀតណាមរកឃើញអ្នកកើតជំងឺមហារីកថ្មីជិត ១៨០ ៤០០ នាក់ និងស្លាប់ជាង ១២០ ០០០ នាក់។

តាមតួលេខនេះវៀតណាមបានជាប់ឈ្មោះជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងគ្រោះធ្ងន់ធ្ងរដោយបន្ទុកមហារីក ដែលកំពុងកើនឡើងជាសកល។អ្នកជំនាញលាតត្រដាងថា កត្តាដែលជំរុញឱ្យវៀតណាមមានមនុស្សស្លាប់ដោយសារជំងឺមហារីកច្រើនបែបនេះគឺព្រោះតែអ្នកជំងឺមិនទៅពិនិត្យឱ្យទាន់ពេលទម្រាំតែទៅជួបគ្រូពេទ្យគឺហួសពេលទៅហើយ៕