ក្រសួងទេសចរណ៍ និងកីឡាប្រទេសថៃបានលើកឡើងថា ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ បានស្វាគមន៍ភ្ញៀវទេសចរបរទេសសរុបដល់ទៅចំនួន ៩ ៣៧០ ២៩៧នាក់ឬស្មើនឹងការកើនឡើង៤៤% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលទាញប្រាក់ចំណូលប្រហែល ១២,៤ពាន់លានដុល្លារផងដែរ។
សារព័ត៌មាន The Nations បានផ្សាយថា ប្រទេសចិនគឺជាប្រភពភ្ញៀវទេសចរដ៏ច្រើនបំផុតរបស់ប្រទេសថៃ ជាមួយនឹងការមកដល់ចំនួន ១ ៧៥៦ ៣៣៧នាក់ តាមពីក្រោយដោយម៉ាឡេស៊ីដែលមានចំនួន ១ ១៦៨ ៥៧៤នាក់ ចំណែកឯរុស្ស៊ីឈរនៅលេខរៀងទីបីដែលមាន ៦២២ ៨១៣នាក់ ខណៈដែលកូរ៉េខាងត្បូងមានត្រឹម ៥៥៨ ៨៧៣នាក់, ឥណ្ឌាក៏មាន ៤៧២ ៩៥២នាក់, ឡាវមានចំនួន ៣០៨ ០៩៧នាក់, ចក្រភពអង់គ្លេសមាន ២៩០ ៤៨៦នាក់, សហរដ្ឋអាមេរិកមានចំនួន ២៨០ ២៤៨នាក់ ខណៈដែលភ្ញៀវទេសចរជប៉ុនក៏មានចំនួន ២៧១ ៤២៧នាក់។
កត្តាចម្បងដែលជំរុញឱ្យមានការកើនឡើងនៃភ្ញៀវទេសចរបរទេសបែបនេះ បើតាមក្រសួងបានលើកឡើងថា គឺដោយសារតែមានកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការចំពោះពលរដ្ឋថៃ និងពលរដ្ឋចិន ហើយក៏អាចដោយសារតែមានការបង្កើនជើងហោះហើរមកកាន់ប្រទេសថៃច្រើនជាងមុន របស់ក្រុមហ៊ុនអាកាសចរណ៍មួយចំនួន៕