កាសែត The Nations បានចុះផ្សាយថា ប្រទេសថៃគ្រោងនឹងសហការជាមួយប្រទេសកម្ពុជា វៀតណាម ឡាវ និងម៉ាឡេស៊ី ហើយក៏នឹងទៅជួបពិភាក្សាជាមួយសហភាពអឺរ៉ុប (EU) ដើម្បីបើកដំណើរការទិដ្ឋាការទេសចរណ៍ចេញចូលប្រទេសទៅវិញទៅមកដោយឥតគិតថ្លៃ។
លោក Prommin Lertsuridej ជំនួយការនាយករដ្ឋមន្ត្រីថៃបាននិយាយនៅថ្ងៃទី៥ ខែកុម្ភៈនេះថា ប្រទេសថៃនឹងស្វែងរកការគាំទ្រពីប្រទេសជិតខាង ដើម្បីបង្កើតកិច្ចព្រមព្រៀងស្តីពីការអនុញ្ញាតឲ្យភ្ញៀវទេសចរ អាចធ្វើដំណើរដោយសេរីក្នុងចំណោមប្រជាជាតិអាស៊ានទាំងប្រាំ។ ក្នុងនោះវៀតណាម ធ្លាប់បានស្វែងរកជំនួយពីប្រទេសថៃ ដើម្បីគាំទ្រដល់វិស័យទេសចរណ៍របស់ពួកគេ។ ចំណែកឯប្រទេសកម្ពុជា ក៏ដូចជាប្រទេសឡាវសុទ្ធសឹងតែជាប្រទេសជាប់ព្រំដែនជាមួយនឹងប្រទេសថៃ ហើយច្បាស់ណាស់ថាពួកគេនឹងមិនជំទាស់ជាមួយនឹងគំនិតរបស់យើងទេ។
លោកបាននិយាយទៀតថា ប្រសិនបើរដ្ឋជិតខាងទាំងបួនយល់ព្រមជាផ្លូវការនោះ រដ្ឋាភិបាលខាងថៃក៏មានបំណងប្រើប្រាស់កិច្ចព្រមព្រៀងនេះ ទៅបន្តពិភាក្សាជាមួយសហភាពអឺរ៉ុបបន្ថែមទៀត ដើម្បីស្វែងរកការលើកលែងទិដ្ឋាការ Schengen ។ លើសពីនោះ ភាពជោគជ័យនៃគោលនយោបាយលើកលែងទិដ្ឋាការរបស់ប្រទេសថៃ បានរួមចំណែកដល់ការកើនឡើងនៃការមកដល់របស់ភ្ញៀវទេសចរបរទេស តួយ៉ាងប្រទេសនេះបានទទួលស្វាគមន៍នៃការមកដល់របស់ភ្ញៀវទេសចរបរទេសចំនួន ២៨លាននាក់កាលពីឆ្នាំ២០២៣។
ក្នុងគម្រោងនេះដែរលោក ស្រេតថា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បានណែនាំឲ្យក្រសួងទេសចរណ៍ និងកីឡា ជួបប្រជុំជាមួយនឹងរដ្ឋមន្ត្រីទេសចរណ៍របស់ប្រទេសស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គផ្សេងៗទៀត ក្នុងគោលបំណងដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ខណៈឯប្រភពពីរដ្ឋាភិបាលបាននិយាយថា មេដឹកនាំអាស៊ានមួយចំនួនបានប្រាប់លោកស្រេតថា បែបនេះថា ពួកគេចង់ឲ្យប្រទេសថៃដើរតួជាមជ្ឈមណ្ឌលផ្សព្វផ្សាយ និងជំរុញទេសចរណ៍ក្នុងតំបន់៕