គណបក្សភឿថៃដែលកំពុងកាន់អំណាចនៅក្នុងប្រទេសថៃបានបោះឆ្នោតជ្រើសតាំងកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ជាមេដឹកនាំថ្មីរបស់ខ្លួនកាលពីថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣។
អ្នកនាង Paetongtarn Shinawatra ជាកូនស្រីពៅរបស់លោក Thaksin ត្រូវបានបោះឆ្នោតឱ្យកាន់តំណែងជាមេដឹកនាំគណបក្សភឿថៃ ដោយមិនមាន អ្នកផ្សេងឈរឈ្មោះប្រជែងនោះទេ២ឆ្នាំបន្ទាប់ពីអ្នកនាងចូលប្រឡូកក្នុងនយោបាយ។
ថ្លែងនៅចំពោះមុខសមាជិកគណបក្សភឿថៃ អ្នកនាង Paetongtarn បានគូសបញ្ជាក់ ដូច្នេះថា «រដ្ឋបាលថ្មីរបស់គណបក្សភឿថៃ ត្រូវតែអភិវឌ្ឍខ្លួនឯង ដើម្បីដឹកនាំគណបក្សក្លាយទៅជាគណបក្សលេខ១ សម្រាប់ប្រជាជន សាជាថ្មី»។
គួរម្លឹកថា អ្នកនាង Paetongtarn Shinawatra មានអាយុ ៣៧ឆ្នាំ ទទួលបានសំឡេងគាំទ្រ ២៨៩ ដោយមានមួយសំឡេងអនុប្បវាទ អំឡុងការបោះឆ្នោតមួយរបស់គណបក្សភឿថៃ កាលពីថ្ងៃសុក្រ។ ចំណែក លោក Thaksin បច្ចុប្បន្នកំពុងជាប់ឃុំ បន្ទាប់ពីលោកបានវិលត្រឡប់ចូល ប្រទេសថៃវិញកាលពីខែសីហា៕