លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃបានស្កាត់ជួបគ្នាជាមួយកំពូលមហាសេដ្ឋី Elon Musk កាលពីថ្ងៃព្រហស្បត្តិ៍ នៅទីក្រុងញូវយ៉ក ដើម្បីពិភាក្សាគ្នាជុំវិញចក្ខុវិស័យនៃកិច្ចសហការរកស៊ីលើផ្នែកបច្ចេកវិទ្យា។
ក្នុងជំនួបនោះអ្នកទាំងពីរបានជជែកគ្នាលើប្រធានបទជាច្រើនរួមមាន Tesla, SpaceX និងStarlink ដោយបានសរសេររៀបរាប់លើទំព័រ X យ៉ាងដូច្នេះថា៖ «បានជួបជាមួយ @elonmusk និងក្រុមការងារក្នុងអំឡុងពេលធ្វើដំណើររបស់ខ្ញុំទៅកាន់ #UNGA នាទីក្រុងញូវយ៉ក។ យើងមានការសន្ទនាដ៏ល្អមួយអំពី @Tesla, @spaceX , និង @starlink ពាក់ព័ន្ធនឹងផ្នែកបច្ចេកវិទ្យា»។
លោកបានបន្តទៀតថា៖ ខ្ញុំមានការចាប់អារម្មណ៍ចំពោះភាពជឿនលឿនដែលពួកគេបានបង្កើតឡើងសម្រាប់មនុស្សជាតិ ហើយយើងក៏បានចែករំលែកទស្សនៈទូទៅអំពីអនាគតសម្រាប់ពិភពលោកឲ្យកាន់តែប្រសើរ។ យើងទន្ទឹងរង់ចាំការពិភាក្សាបន្ថែមទៀត។ ទន្ទឹងរង់ចាំភាពជោគជ័យនៃការបំផុសគំនិតបន្ថែមទៀតនៃរបកគំហើញ #EV (រថយន្តអគ្គិសនី) និង#SpaceExploration (ការុករកទីអវកាស)។ ពុំមែនសម្រាប់តែប្រជាជនថៃប៉ុណ្ណោះទេ ថែមទាំងសហគមន៍ពិភពលោកផងដែរ៕