ក្រុមហ៊ុន Toyota Motor បានបង្ហាញគំរូដើមនៃគ្រឿងបរិក្ខារ gigacasting ថ្មីរបស់ខ្លួនដែលអាចផលិតបានមួយភាគបីនៃតួរថយន្តក្នុងរយៈពេលប្រហែល 3 នាទី ដែលជាការអភិវឌ្ឍន៍និងជាគន្លឹះនៃផែនការរបស់ខ្លួនក្នុងការបង្កើនការផលិតរថយន្តអគ្គិសនីប្រកបដោយប្រាក់ចំណេញនាពេលខាងមុខ។ ពោលគឺផលិតដោយកម្លាំងគ្រឿងបរិក្ខារទំនើប ដែលអាចកាត់បន្ថយវេលានៃការផលិតរាប់ម៉ោងមកត្រឹមនាទីវិញ។
អាលុយមីញ៉ូមរលាយត្រូវបានត្រជាក់យ៉ាងលឿនពី 700 ដល់ 250 អង្សារសេ ដោយធ្វើឱ្យរឹងទៅជាដុំដែកតែមួយដែលបង្កើតបានជាផ្នែកខាងក្រោយទាំងមូលនៃតួរថយន្ត។ ដែលពីមុនផ្នែកនេះជាធម្មតាត្រូវបានបង្កើតឡើងពី 86 ផ្នែកក្នុងដំណើរការ 33 ជំហាន ដែលចំណាយពេលរាប់ម៉ោង។
ក្រុមហ៊ុន Toyota មានគោលបំណងទាញយកភាពជឿនលឿនបែបនេះ ដើម្បីកាត់បន្ថយរយៈពេលវែងនៃដំណើរការផលិតកម្ម ការវិនិយោគរោងចក្រ និងនាំមុខក្នុងការរៀបចំការផលិតដើម្បីជួយក្នុងដំណើរស្វែងរករបស់ខ្លួនក្នុងការលក់រថយន្តអគ្គិសនីចំនួន 3.5 លានគ្រឿងក្នុងមួយឆ្នាំនៅឆ្នាំ 2030៕
Cre- Nikkei Asia